19. ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។
20. នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
21. ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។
22. ខ្មាំងសត្រូវក៏ខាតបង់ជីវិតមនុស្សជាច្រើននាក់ដែរ ដ្បិតចំបាំងនោះកើតពីព្រះជាម្ចាស់។ ពួកគេតាំងទីលំនៅលើទឹកដីរបស់ខ្មាំង រហូតដល់គ្រាដែលពួកគេជាប់ជាឈ្លើយសឹក។
23. កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលតាំងទីលំនៅលើទឹកដីនោះ ចាប់តាំងពីស្រុកបាសានរហូតដល់ស្រុកបាល-ហ៊ើរម៉ូន ភ្នំស៊ីនៀរ និងភ្នំហ៊ើរម៉ូន ហើយពួកគេកើនចំនួនឡើងជាច្រើន។
24. រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេមានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
25. ក៏ប៉ុន្តែ ពួកគេពុំបានស្មោះត្រង់នឹងព្រះនៃដូនតារបស់ពួកគេទេ ពួកគេបែរទៅគោរពបម្រើព្រះរបស់ជាតិសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះ គឺជាតិសាសន៍ដែលព្រះជាម្ចាស់បានបំផ្លាញចេញពីមុខពួកគេ។
26. ហេតុនេះ ព្រះរបស់ជនជាតិអ៊ីស្រាអែលបានបណ្ដាលចិត្តព្រះបាទពូល និងព្រះបាទទីកឡាត-ពីលេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ព្រះបាទទីកឡាត-ពីលេស៊ើរក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។