37. លោកស៊ីសា ជាកូនរបស់លោកស៊ីភី ជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី និងជាចៅលារបស់លោកសេម៉ាយ៉ា។
38. ក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។
39. ដូច្នេះ ពួកគេតាំងទីលំនៅរហូតដល់ច្រកចូលក្រុងកេដោរ ដែលនៅខាងកើតជ្រលងភ្នំ ដើម្បីស្វែងរកវាលស្មៅសម្រាប់ចិញ្ចឹមហ្វូងសត្វ។
40. ពួកគេរកបានវាលស្មៅដ៏ល្អបរិបូណ៌ រីឯស្រុកនោះក៏ទូលាយ ហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។
41. នៅរជ្ជកាលព្រះបាទហេសេគាជាស្ដេចស្រុកយូដា អស់អ្នកដែលមានឈ្មោះខាងលើ បានមកដល់ស្រុកនោះ ពួកគេបំផ្លាញតង់ត៍ និងជម្រកទាំងប៉ុន្មាននៅក្នុងស្រុក ហើយបំផ្លាញប្រជាជនឲ្យវិនាសទាំងស្រុង រហូតមកទល់សព្វថ្ងៃ។ បន្ទាប់មក ពួកគេតាំងទីលំនៅជំនួសអ្នកស្រុកពីមុន ព្រោះទីនោះមានវាលស្មៅសម្រាប់ហ្វូងចៀមរបស់ពួកគេ។
42. មានកូនចៅរបស់លោកស៊ីម្មានប្រមាណប្រាំរយនាក់ទៀត នាំគ្នាទៅតំបន់ភ្នំសៀរ ដោយមានលោកពេឡាធា លោកនារីយ៉ា លោករេផាយ៉ា និងលោកអ៊ូស៊ាល ជាកូនរបស់លោកអ៊ីស៊ី ធ្វើជាមេដឹកនាំ។
43. ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។