4. គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។
5. ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់?»។
6. ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច នាំគ្នាស្ម័គ្រចិត្ត
7. ថ្វាយជាតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
8. អស់អ្នកដែលមានត្បូងពេជ្រក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។
9. ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។
10. ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
11. ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។
12. ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។
13. បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
14. តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។
15. នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
16. ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុក សង់ព្រះដំណាក់សម្រាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។
17. ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះហើយ ទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។