22. នៅថ្ងៃនោះ ពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្ដេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្ដេចឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុក ជាបូជាចារ្យ។
23. ព្រះបាទសាឡូម៉ូនបានឡើងគង់លើបល្ល័ង្ករាជ្យរបស់ព្រះអម្ចាស់ ដើម្បីស្នងរាជសម្បត្តិរបស់ព្រះបាទដាវីឌ ជាបិតា ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលក៏នាំគ្នាស្ដាប់បង្គាប់ព្រះបាទសាឡូម៉ូន។
24. មេដឹកនាំទាំងអស់ ព្រមទាំងកងទ័ព និងបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទសាឡូម៉ូន។
25. ព្រះអម្ចាស់លើកតម្កើងព្រះបាទសាឡូម៉ូនឲ្យកាន់តែឧត្ដុង្គឧត្ដម នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ហើយប្រោសប្រទានរាជ្យរបស់ស្ដេចបានថ្កុំថ្កើងលើសស្ដេចស្រុកអ៊ីស្រាអែលមុនៗ។
26. ព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
27. ស្ដេចសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
28. ព្រះបាទដាវីឌសោយទិវង្គតក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយ មានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ព្រះបាទសាឡូម៉ូន ជាបុត្រ បានឡើងស្នងរាជ្យតពីបិតា។
29. រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។
30. គេក៏រៀបរាប់អំពីរាជសម្បត្តិ និងវិរភាពដ៏អង់អាចរបស់ស្ដេច ព្រមទាំងហេតុការណ៍ផ្សេងៗ ដែលកើតមាននៅរជ្ជកាលរបស់ស្ដេច ក្នុងស្រុកអ៊ីស្រាអែល និងក្នុងអាណាចក្រដទៃទៀត។