2. ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
3. មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ព្រះដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងព្រះដំណាក់របស់ព្រះជាម្ចាស់ខ្លាំងណាស់
4. គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។
5. ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់?»។
6. ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច នាំគ្នាស្ម័គ្រចិត្ត
7. ថ្វាយជាតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
8. អស់អ្នកដែលមានត្បូងពេជ្រក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។
9. ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។
10. ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
11. ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។