15. នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
16. ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុក សង់ព្រះដំណាក់សម្រាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។
17. ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះហើយ ទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។
18. ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះព្រះអង្គជានិច្ចផង។
19. សូមប្រោសប្រទានឲ្យសាឡូម៉ូន ជាកូនរបស់ទូលបង្គំ មានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជា ដំបូន្មាន និងច្បាប់របស់ព្រះអង្គ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីឲ្យគេសង់ព្រះដំណាក់ដែលទូលបង្គំត្រៀមទុកនេះ»។
20. បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និងគោរពស្ដេច។
21. លុះស្អែកឡើង ពួកគេនាំគ្នាថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ គឺមាន គោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចថ្វាយជាមួយ ព្រមទាំងយញ្ញបូជាយ៉ាងច្រើនទៀតសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។
22. នៅថ្ងៃនោះ ពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្ដេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្ដេចឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុក ជាបូជាចារ្យ។