1. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូន ជាបុត្ររបស់ខ្ញុំតែម្នាក់គត់ ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតព្រះដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺថ្វាយព្រះជាអម្ចាស់។
2. ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចំរុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។
3. មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ព្រះដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងព្រះដំណាក់របស់ព្រះជាម្ចាស់ខ្លាំងណាស់
4. គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។
5. ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់?»។
6. ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច នាំគ្នាស្ម័គ្រចិត្ត
7. ថ្វាយជាតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។
8. អស់អ្នកដែលមានត្បូងពេជ្រក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។
9. ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។