5. ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។
6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សាឡូម៉ូន ជាបុត្ររបស់អ្នក នឹងសង់ដំណាក់ ព្រមទាំងទីលានរបស់យើង ដ្បិតយើងជ្រើសរើសគេធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។
7. ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃ យើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិតស្ថេរអស់កល្បជានិច្ច”។
8. ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដែលជាក្រុមជំនុំរបស់ព្រះអម្ចាស់ ហើយនៅចំពោះព្រះភ័ក្ត្រព្រះនៃយើង ដែលទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌កឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។
9. រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
10. ឥឡូវនេះ ចូរពិចារណាចុះ ព្រះអម្ចាស់សព្វព្រះហឫទ័យជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់ ទុកជាទីសក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយបំពេញការងារចុះ!»។
11. ព្រះបាទដាវីឌបានប្រគល់គម្រោងសាងសង់ទីសក្ការៈ ព្រមទាំងបន្ទប់អម ឃ្លាំង បន្ទប់នៅជាន់ខាងលើ សាលខាងក្នុង និងកន្លែងសម្រាប់តម្កល់ហិបនៃសន្ធិសញ្ញា ឲ្យសម្ដេចសាឡូម៉ូន។
12. ព្រះបាទដាវីឌប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្ដេចបានគិតគូរនឹងធ្វើ សម្រាប់ទីលាននៃព្រះដំណាក់របស់ព្រះអម្ចាស់ និងបន្ទប់ទាំងអស់ដែលនៅជុំវិញ សម្រាប់ដាក់ទ្រព្យនៃព្រះដំណាក់ និងរបស់របរដ៏សក្ការៈ។
13. ស្ដេចប្រគល់បញ្ជីពួកបូជាចារ្យ និងពួកលេវី ដែលបែងចែកជាក្រុមៗ ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវបំពេញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងគ្រឿងបរិក្ខារទាំងប៉ុន្មានសម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់
14. ស្ដេចក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង
15. ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ
16. ទម្ងន់មាសរបស់តុនីមួយៗ ដែលត្រូវប្រើសម្រាប់ដាក់នំបុ័ងថ្វាយព្រះអម្ចាស់ ព្រមទាំងទម្ងន់របស់តុដែលធ្វើពីប្រាក់
17. ទម្ងន់របស់សម ផើងសម្រាប់ប្រោះឈាម ថូសម្រាប់ពិធីច្រួចស្រាធ្វើពីមាសសុទ្ធ ព្រមទាំងទម្ងន់របស់ពែងមាស និងទម្ងន់របស់ពែងប្រាក់នីមួយៗ
18. ទម្ងន់របស់អាសនៈធ្វើពីមាសសុទ្ធសម្រាប់ថ្វាយគ្រឿងក្រអូប និងគំរូរបស់រទេះ រូបចេរូប៊ីនធ្វើពីមាស ដែលត្រដាងស្លាបលើហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។
19. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «របស់ទាំងនេះមានកត់ត្រាទុកក្នុងឯកសារ ដែលបិតាបានទទួលពីព្រះអម្ចាស់។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។
20. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការងារសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានសម្រេចចប់សព្វគ្រប់ ព្រះអង្គមិនបោះបង់ចោលបុត្រឲ្យនៅតែឯងឡើយ។
21. ពួកបូជាចារ្យ និងពួកលេវី បានត្រូវបែងចែកជាក្រុមៗ សម្រាប់បម្រើការងារទាំងប៉ុន្មាន ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៏មានមនុស្សស្ម័គ្រចិត្ត និងមានថ្វីដៃនៅជាមួយបុត្រ ដើម្បីជួយសម្រេចការងារនេះ។ រីឯពួកមេដឹកនាំ និងប្រជាជនទាំងមូល ក៏ស្ថិតនៅក្រោមបញ្ជារបស់បុត្រដែរ»។