3. ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមយើងទេ”។
4. ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល បានជ្រើសរើសខ្ញុំពីក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំទាំងមូល ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដា ឲ្យធ្វើជាអ្នកនាំមុខគេ ក្នុងកុលសម្ព័ន្ធយូដា ព្រះអង្គជ្រើសរើសគ្រួសារឪពុករបស់ខ្ញុំ ហើយក្នុងចំណោមកូនរបស់ឪពុកខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យលើកខ្ញុំឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។
5. ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។
6. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សាឡូម៉ូន ជាបុត្ររបស់អ្នក នឹងសង់ដំណាក់ ព្រមទាំងទីលានរបស់យើង ដ្បិតយើងជ្រើសរើសគេធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។
7. ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃ យើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិតស្ថេរអស់កល្បជានិច្ច”។
8. ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដែលជាក្រុមជំនុំរបស់ព្រះអម្ចាស់ ហើយនៅចំពោះព្រះភ័ក្ត្រព្រះនៃយើង ដែលទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌កឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។
9. រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
10. ឥឡូវនេះ ចូរពិចារណាចុះ ព្រះអម្ចាស់សព្វព្រះហឫទ័យជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់ ទុកជាទីសក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយបំពេញការងារចុះ!»។