25. លោកអាសម៉ាវែត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជ្យទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអ៊ូស៊ីយ៉ា ជាអ្នកមើលខុសត្រូវ។
26. លោកអែសរី ជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចម្ការថ្វាយស្ដេច។
27. លោកស៊ីម៉ាយ ជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្ដេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។
28. លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។
29. លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអ័ឌឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។
30. លោកអូប៊ីល ជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេដាយ៉ា ជាអ្នកស្រុកមេរ៉ូន មើលខុសត្រូវលើហ្វូងលា។
31. លោកយ៉ាស៊ីស ជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។