17. មេដឹកនាំកុលសម្ព័ន្ធលេវី គឺលោកហាសាបយ៉ា ជាកូនរបស់លោកកេមយួល។ រីឯមេដឹកនាំកូនចៅរបស់លោកអើរ៉ុន គឺ លោកសាដុក។
18. មេដឹកនាំកុលសម្ព័ន្ធយូដា គឺលោកអេលីហ៊ូវ ជាបងរបស់ព្រះបាទដាវីឌ។ មេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារមានលោកអូមរី ជាកូនរបស់លោកមីកែល។
19. មេដឹកនាំកុលសម្ព័ន្ធសាប់យូឡូន គឺលោកយីសម៉ាយ៉ា ជាកូនរបស់លោកអូបាឌា។ មេដឹកនាំកុលសម្ព័ន្ធណែបថាលី គឺលោកយេរីម៉ុត ជាកូនរបស់អាសរាល។
20. មេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកអសាស៊ា។ មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គឺលោកយ៉ូអែល ជាកូនរបស់លោកពេដាយ៉ា។
21. មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត នៅស្រុកកាឡាដ គឺលោកយ៉ីដូរ ជាកូនរបស់លោកសាការី។ មេដឹកនាំកុលសម្ព័ន្ធបេនយ៉ាមីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
22. មេដឹកនាំកុលសម្ព័ន្ធដាន់ គឺលោកអសារាល ជាកូនរបស់លោកយេរូហាំ។ អស់លោកទាំងនេះសុទ្ធតែជាមេដឹកនាំរបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។
23. ព្រះបាទដាវីឌពុំបានរាប់ចំនួនអស់អ្នកដែលមានអាយុតិចជាងម្ភៃឆ្នាំទេ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលកើនចំនួនច្រើន ដូចផ្កាយនៅលើមេឃ។
24. លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចាប់ផ្ដើមជំរឿនប្រជាជន តែពុំបានបង្ហើយទេ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងអ៊ីស្រាអែល ព្រោះតែការនេះ។ ដូច្នេះ ចំនួនសរុបរបស់ប្រជាជន ពុំមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌឡើយ។
25. លោកអាសម៉ាវែត កូនរបស់លោកអឌីអែល ជាអ្នកមើលខុសត្រូវលើរាជ្យទ្រព្យ។ រីឯទ្រព្យសម្បត្តិនៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមដំណាក់នានា មានលោកយ៉ូណាថាន កូនរបស់លោកអ៊ូស៊ីយ៉ា ជាអ្នកមើលខុសត្រូវ។
26. លោកអែសរី ជាកូនរបស់លោកកេលូប មើលខុសត្រូវលើពួកកសិករ ដែលធ្វើស្រែចម្ការថ្វាយស្ដេច។
27. លោកស៊ីម៉ាយ ជាអ្នកក្រុងរ៉ាម៉ា មើលខុសត្រូវលើចម្ការទំពាំងបាយជូររបស់ស្ដេច។ លោកសាបឌី ជាអ្នកស្រុកសេផាម មើលខុសត្រូវលើកន្លែងទុកស្រាទំពាំងបាយជូរនៅតាមចម្ការ។
28. លោកបាលហាណាន់ ជាអ្នកក្រុងកេឌើរ មើលខុសត្រូវលើចម្ការអូលីវ និងចម្ការឧទុម្ពរនៅតំបន់វាលទំនាប។ លោកយ៉ូអាសជាអ្នកមើលខុសត្រូវលើឃ្លាំងដាក់ប្រេង។
29. លោកស៊ីតរ៉ាយ ជាអ្នកស្រុកសារ៉ូន មើលខុសត្រូវលើហ្វូងគោនៅស្រុកសារ៉ូន។ លោកសាផាត ជាកូនរបស់លោកអ័ឌឡាយ មើលខុសត្រូវលើហ្វូងគោ នៅតាមជ្រលងភ្នំ។
30. លោកអូប៊ីល ជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេដាយ៉ា ជាអ្នកស្រុកមេរ៉ូន មើលខុសត្រូវលើហ្វូងលា។
31. លោកយ៉ាស៊ីស ជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។
32. លោកយ៉ូណាថាន ដែលត្រូវជាឪពុកមារបស់ព្រះបាទដាវីឌ មាននាទីជាទីប្រឹក្សារបស់ស្ដេច។ លោកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយចេះដឹងជ្រៅជ្រះ។ លោកយេហ៊ីអែល ជាកូនរបស់លោកហាក់មូនី ជាគ្រូបាធ្យាយបុត្ររបស់ស្ដេច។
33. លោកអហ៊ីថូផែលក៏ជាទីប្រឹក្សារបស់ស្ដេចដែរ។ លោកហ៊ូសាយ ជាជនជាតិអើគី ជាមិត្តរបស់ស្ដេច។