8. អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដអេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដអេដុមមានចំនួនទាំងអស់ ៦២នាក់។
9. លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។
10. រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ
11. លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣ នាក់។
12. ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗជាបងប្អូនរបស់គេ មានមុខងារយាមព្រះដំណាក់របស់ព្រះអម្ចាស់។
13. ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់។