១ របាក្សត្រ 26:22-31 Khmer Standard Version (KHSV)

22. ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូ‌អែល ជា​ប្អូន។ ពួក​គេ​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

23. រីឯ​ក្នុង​ចំណោម​កូន​ចៅ​លោក​អាំរ៉ាម កូន​ចៅ​លោក​យីត‌សារ កូន​ចៅ​លោក​ហេប្រូន និង​កូន​ចៅ​លោក​អ៊ូ‌ស៊ាល

24. មាន​លោក​សេបួល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន កូន​របស់​លោក​ម៉ូសេ ជា​អភិ‌រក្ស​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។

25. រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលា‌ស៊ើរ មាន​លោក​រេហាប‌យ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសា‌យ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីក‌គ្រី ជា​ឪពុក​របស់​លោក​សឡូ‌មីត។

26. លោក​សឡូ‌មិត និង​បង‌ប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។

27. វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជយ‌ភ័ណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

28. វត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូ‌អែល ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​បាន​ថ្វាយ​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សឡូ‌មីត និង​បង‌ប្អូន​របស់​គាត់។

29. ក្នុង​ចំណោម​កូន​ចៅ​លោក​យីតសារ លោក​កេណា‌នា និង​កូនៗ​របស់​គាត់ ទទួល​បន្ទុក​ផ្នែក​រដ្ឋ‌បាល​នៃ​ស្រុក​អ៊ីស្រា‌អែល គឺ​ជា​អ្នក​គ្រប់‌គ្រង និង​ជា​ចៅ‌ក្រម។

30. ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន លោក​ហាសាប‌យ៉ា និង​បង‌ប្អូន​របស់​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច ចំនួន​១ ៧០០ នាក់ មាន​ភារ‌កិច្ច​ត្រួត​ពិនិត្យ​ដែន​ដី​អ៊ីស្រា‌អែល នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ហើយ​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ថ្វាយ​ស្ដេច។

31. នៅ​ឆ្នាំ​ទី​សែ‌សិប​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ គេ​ស្រាវ‌ជ្រាវ​ឃើញ​ថា ក្នុង​អំបូរ​ហេប្រូន មាន​វីរ‌បុរស​ដ៏​អង់‌អាច​នៅ​ក្រុង​យ៉ា‌ស៊ើរ ក្នុង​ស្រុក​កាឡាដ។ លោក​យេរី‌យ៉ា​ជា​មេ​ដឹក​នាំ​របស់​អំបូរ​ហេប្រូន។

១ របាក្សត្រ 26