12. ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗជាបងប្អូនរបស់គេ មានមុខងារយាមព្រះដំណាក់របស់ព្រះអម្ចាស់។
13. ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់។
14. ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មក គេចាប់ឆ្នោតត្រូវលើលោកសាការី ជាកូនរបស់គាត់ ដែលជាទីប្រឹក្សាមួយរូបដ៏ចំណាន។ លោកសាការីត្រូវយាមទ្វារប៉ែកខាងជើង។
15. លោកអូបេដអេដុមត្រូវយាមទ្វារប៉ែកខាងត្បូង ហើយកូនៗរបស់គាត់ត្រូវយាមឃ្លាំង។
16. រីឯលោកស៊ូភីម និងហូសា ត្រូវយាមទ្វារប៉ែកខាងលិច និងទ្វារសាលេគែត នៅត្រង់ផ្លូវឡើងទៅលើ។ ក្រុមអ្នកយាមចែកវេនគ្នាដូចតទៅ:
17. នៅទ្វារប៉ែកខាងកើត មានពួកលេវីប្រចាំការប្រាំមួយនាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងជើង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងត្បូង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ហើយបួននាក់ទៀតយាមឃ្លាំង ដោយចែកគ្នាជាពីរក្រុម។