15. កូនរបស់លោកម៉ូសេគឺ គើរសុន និងលោកអេលាស៊ើរ។
16. កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។
17. លោកអេលាស៊ើរមានកូនប្រុសតែមួយ ឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។
18. កូនរបស់លោកយីតសារមានលោកសឡូមីត ជាមេដឹកនាំ។
19. កូនរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាមេដឹកនាំ លោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀលជាមេដឹកនាំទីបី និងលោកយេកាមាមជាមេដឹកនាំទីបួន។
20. កូនរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាមេដឹកនាំ និងលោកយីសយ៉ា ជាមេដឹកនាំទីពីរ។
21. កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។
22. លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។
23. កូនរបស់លោកមូស៊ីមានបីនាក់ គឺម៉ាស់លី អេឌើរ និងយេរេម៉ូត។
24. អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។
26. ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។
27. គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ។