1. កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
2. ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។
3. គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។
4. ព្រះបាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។
5. ពួកគេ ៤ ០០០ នាក់ ទៀតជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០ នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្ដេចបានធ្វើសម្រាប់ប្រគំកំដរ។
6. ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។
7. កូនរបស់លោកគើរសុនមាន: ឡាអាដាន និងស៊ីម៉ៃ។
8. កូនរបស់លោកឡាអាដានមានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។