10. គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែល រហូតតទៅ!”។
11. ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។
12. សូមព្រះអម្ចាស់ប្រោសប្រទានឲ្យបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះអង្គប្រទានឲ្យបុត្រគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។
13. ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមច្បាប់ វិន័យ និងបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ សម្រាប់ជនជាតិអ៊ីស្រាអែល នោះបុត្រនឹងបានចម្រុងចម្រើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
14. បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។
15. មានពួកជាងជាច្រើនដែលអាចចូលរួមក្នុងការសាងសង់ជាមួយបុត្រ គឺជាងឈើ ជាងដាប់ថ្ម ជាងចម្លាក់ថ្ម និងឈើ ព្រមទាំងជាងដ៏ចំណានដែលប៉ិនប្រសប់ក្នុងកិច្ចការគ្រប់ប្រភេទ។
16. រីឯមាស ប្រាក់ លង្ហិន និងដែកមានចំនួនច្រើនឥតគណនា។ ចូរបុត្រក្រោកឡើង បំពេញកិច្ចការនេះចុះ! សូមព្រះអម្ចាស់គង់ជាមួយបុត្រ!»។
17. ព្រះបាទដាវីឌបានផ្ដាំមន្ត្រីអ៊ីស្រាអែលទាំងអស់ ឲ្យជួយជ្រោមជ្រែងសម្ដេចសាឡូម៉ូន ជាបុត្រ ដោយមានរាជឱង្ការថា៖
18. «ព្រះអម្ចាស់ ជាព្រះរបស់អស់លោក គង់នៅជាមួយអស់លោកហើយ។ ព្រះអង្គប្រទានឲ្យអស់លោកបានសម្រាកគ្រប់ទិសទី ដ្បិតព្រះអង្គបានប្រគល់អ្នកស្រុកនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ហើយស្រុកនេះស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គដែរ។