6. លោកពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងបេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្តនឹងបញ្ជារបស់ស្ដេចទាល់តែសោះ។
7. ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។
8. ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌថា៖
10. «ចូរទៅប្រាប់ដាវីឌដូចតទៅ “ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ! យើងនឹងដាក់ទោសអ្នកតាមនោះ”»។
11. លោកកាដចូលគាល់ព្រះបាទដាវីឌ ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: សូមជ្រើសរើសចុះ
12. តើព្រះករុណាចង់ឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ឬត្រូវបាក់ទ័ពរត់នៅចំពោះមុខដាវរបស់ខ្មាំងសត្រូវ អស់រយៈពេលបីខែ ឬចង់ឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុក គឺទេវតារបស់ព្រះអម្ចាស់បំផ្លាញប្រជាជនក្នុងស្រុកអ៊ីស្រាអែលទាំងមូល អស់រយៈពេលបីថ្ងៃ។ ឥឡូវនេះ សូមព្រះករុណាពិចារណាចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ដែលបានចាត់ទូលបង្គំមក»។
13. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។