19. ព្រះបាទដាវីឌក៏យាងទៅ តាមពាក្យដែលលោកកាដថ្លែង ក្នុងនាមព្រះអម្ចាស់។
20. ពេលនោះ លោកអរ៉ៅណាកំពុងតែបោកស្រូវ។ គាត់ងាកមក ឃើញទេវតា កូនប្រុសរបស់គាត់ទាំងបួននាក់ ដែលនៅជាមួយគាត់ នាំគ្នារត់ពួន។
21. កាលព្រះបាទដាវីឌយាងទៅជិតលោកអរ៉ៅណា គាត់ក្រឡេកឃើញព្រះរាជា គាត់ក៏ចេញពីលានបោកស្រូវមកទទួល ក្រាបថ្វាយបង្គំ អោនមុខដល់ដី។
22. ព្រះបាទដាវីឌមានរាជឱង្ការទៅគាត់ថា៖ «ចូរលក់លានបោកស្រូវនេះឲ្យយើងមក យើងនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចពីគ្រោះកាច។ ចូរលក់លានបោកស្រូវនេះឲ្យយើង យើងនឹងបង់ប្រាក់ពេញថ្លៃ»។
23. លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់ យកលានបោកស្រូវនេះ ធ្វើអ្វីតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ។ ទូលបង្គំក៏សូមថ្វាយគោ សម្រាប់ធ្វើជាតង្វាយដុតទាំងមូល និងរនាស់ធ្វើជាអុស ព្រមទាំងស្រូវធ្វើជាតង្វាយម្សៅ ទូលបង្គំសូមថ្វាយទាំងអស់!»។
24. ប៉ុន្តែ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនោះពីលោកពេញថ្លៃ ដ្បិតយើងមិនអាចយកអ្វីៗដែលជារបស់លោកទៅថ្វាយព្រះអម្ចាស់ ជាតង្វាយដុតទាំងមូល ដោយមិនបង់ប្រាក់ឡើយ!»។
25. ព្រះបាទដាវីឌប្រគល់មាសសុទ្ធប្រាំមួយរយស្លឹងជូនលោកអរ៉ៅណា ដើម្បីទិញលានបោកស្រូវ។
26. ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ ហើយថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ស្ដេចអង្វររកព្រះអម្ចាស់ព្រះអង្គតបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះតង្វាយដុតនៅលើអាសនៈនោះ។
27. បន្ទាប់មក ព្រះអម្ចាស់បញ្ជាឲ្យទេវតាស៊កដាវទៅក្នុងស្រោមវិញ។
28. នៅគ្រានោះ ដោយព្រះបាទដាវីឌឃើញថា ព្រះអម្ចាស់ឆ្លើយតបនឹងពាក្យទូលអង្វររបស់ស្ដេច នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្ដេចតែងតែថ្វាយយញ្ញបូជានៅទីនោះ។
29. រីឯព្រះពន្លារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់* នៅក្រុងគីបៀន។
30. ប៉ុន្តែ ព្រះបាទដាវីឌពុំអាចយាងទៅកន្លែងនោះទេ ដើម្បីទូលសួរព្រះជាម្ចាស់ ដ្បិតស្ដេចភ័យខ្លាចទេវតា*របស់ព្រះអម្ចាស់ប្រហារដោយមុខដាវ។