5. មានគេនាំដំណឹងអំពីមន្ត្រីទាំងនោះយកទៅទូលព្រះបាទដាវីឌ ស្ដេចក៏ចាត់អ្នកនាំពាក្យមកជួបពួកគេ ដ្បិតពួកគេត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ ស្ដេចត្រាស់បង្គាប់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។
6. កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ព្រះបាទហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចំបាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។
7. ពួកគេជួលរទេះចំបាំង៣២ ០០០គ្រឿង ព្រមទាំងស្ដេចស្រុកម៉ាកា និងពលទ័ពដែលមកបោះទ័ពនៅទល់មុខក្រុងមេឌីបា។ បន្ទាប់មក ជនជាតិអាំម៉ូននាំគ្នាចេញពីទីក្រុងរបស់ខ្លួន រួចតំរៀបជាក្បួនទ័ពដើម្បីច្បាំង។
8. កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។
9. កងទ័ពអាំម៉ូនចេញមកត្រៀមនៅច្រកចូលទីក្រុង។ រីឯស្ដេចឯទៀតៗស្ថិតនៅតាមទីវាល ដាច់ឡែកពីគេ។
10. លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេ ដល់ទៅពីរមុខព្រួញប្រយុទ្ធ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយដូច្នេះ លោកក៏ជ្រើសរើសយកពលទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងកងទ័ពស៊ីរី។
11. រីឯកងទ័ពដែលនៅសល់ លោកប្រគល់ឲ្យលោកអប៊ីសាយ ជាប្អូនចេញទៅតទល់នឹងកងទ័ពអាំម៉ូន។
12. លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូន។
13. ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងការពារក្រុងនានារបស់ព្រះនៃយើង។ សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
14. លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
15. កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ វិលចូលទៅក្នុងក្រុងរបស់គេវិញ។ លោកយ៉ូអាប់វិលចូលមកក្រុងយេរូសាឡឹមវិញដែរ។
16. ជនជាតិស៊ីរីឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេចាត់អ្នកនាំសារឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ លោកសូបាក់ ជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរជាអ្នកដឹកនាំ។