12. លោកមានប្រសាសន៍ទៅកាន់ប្អូនរបស់លោកថា៖ «បើពួកស៊ីរីខ្លាំងជាងបង ប្អូនត្រូវមកជួយបងផង។ ផ្ទុយទៅវិញ បើពួកអាំម៉ូនខ្លាំងជាងប្អូន បងនឹងទៅជួយប្អូន។
13. ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងការពារក្រុងនានារបស់ព្រះនៃយើង។ សូមព្រះអម្ចាស់សម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។
14. លោកយ៉ូអាប់ ព្រមទាំងកងទ័ព បានចេញទៅប្រយុទ្ធតទល់នឹងកងទ័ពស៊ីរី។ ពួកស៊ីរីបាក់ទ័ពរត់នៅចំពោះមុខលោក។
15. កាលឃើញពួកស៊ីរីបាក់ទ័ពរត់ ពួកអាំម៉ូនក៏បាក់ទ័ពរត់នៅចំពោះមុខលោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ វិលចូលទៅក្នុងក្រុងរបស់គេវិញ។ លោកយ៉ូអាប់វិលចូលមកក្រុងយេរូសាឡឹមវិញដែរ។
16. ជនជាតិស៊ីរីឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេចាត់អ្នកនាំសារឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ លោកសូបាក់ ជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរជាអ្នកដឹកនាំ។
17. មានគេនាំដំណឹងនេះមកទូលព្រះបាទដាវីឌ ស្ដេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូល ឆ្លងទន្លេយ័រដាន់ ហើយមកដល់ក្បែរពួកគេ។ ព្រះបាទដាវីឌក៏រៀបទ័ពប្រឈមមុខទល់នឹងកងទ័ពស៊ីរី ដែលមកវាយសម្រុកស្ដេច។
18. ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល ហើយព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចំបាំងអស់ប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងអស់បួនម៉ឺននាក់។ ស្ដេចក៏បានប្រហារជីវិតលោកសូបាក់ ជាមេបញ្ជាការកងទ័ពដែរ។
19. កាលស្ដេចទាំងប៉ុន្មានដែលចំណុះព្រះបាទហាដារេស៊ើរឃើញថា ពួកគេចាញ់កងទ័ពអ៊ីស្រាអែល ពួកគេក៏មកសុំចុះសន្ធិសញ្ញាសន្តិភាពជាមួយព្រះបាទដាវីឌ ហើយចុះចូលនឹងព្រះអង្គផង។ ចាប់ពីពេលនោះមក ជនជាតិស៊ីរីមិនចង់ជួយជនជាតិអាំម៉ូនទៀតឡើយ។