1. ក្រោយមក ព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន បានសោយទិវង្គត ហើយបុត្ររបស់ស្ដេចឡើងស្នងរាជ្យ។
2. ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «យើងចង់សម្តែងចិត្តសប្បុរសចំពោះស្ដេចហានូនជាបុត្ររបស់ព្រះបាទណាហាស ដូចបិតារបស់ស្ដេចបានសម្តែងចំពោះយើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌចាត់រាជប្រតិភូឲ្យទៅចូលរួមរំលែកទុក្ខព្រះបាទហានូន ក្នុងឱកាសដែលបិតាសោយទិវង្គត។ នៅពេលពួកមន្ត្រីរបស់ព្រះបាទដាវីឌទៅដល់ស្រុកអាំម៉ូន ចូលគាល់ព្រះបាទហានូន ដើម្បីរំលែកទុក្ខ
3. ពួកមេដឹកនាំរបស់ជនជាតិអាំម៉ូនទូលព្រះបាទហានូនថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកមន្ត្រីឲ្យមកចូលរួមរំលែកទុក្ខ ដើម្បីថ្វាយកិត្តិយសដល់បិតារបស់ព្រះករុណាមែនឬ? តាមពិត ពួកគេមកនេះ ដើម្បីសង្កេតការណ៍ និងពិនិត្យមើលស្រុក ក្នុងគោលបំណងវាយដណ្ដើមយកប៉ុណ្ណោះ»។