9. កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ ជាស្ដេចក្រុងសូបា
10. ស្ដេចក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជំនះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដារេស៊ើរដែរ។
11. ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចមាសប្រាក់ដែលស្ដេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
12. លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រហារជនជាតិអេដុមអស់ ១៨ ០០០នាក់ នៅជ្រលងភ្នំអំបិល។
13. លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
14. ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
15. លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកងទ័ព។ លោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។
16. លោកសាដុក កូនរបស់លោកអហ៊ីទូប និងលោកអហ៊ីម៉ាឡេក កូនរបស់លោកអបៀថើរ ជាបូជាចារ្យ។ លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។
17. លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្ដេច។