1. ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ និងស្រុកភូមិនៅជុំវិញពីកណ្ដាប់ដៃរបស់ពួកគេ។
2. ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
3. ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា នៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
4. ព្រះបាទដាវីឌរឹបអូសយកបានរទេះចំបាំងចំនួន១ ០០០គ្រឿងពីព្រះបាទហាដារេស៊ើរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០នាក់។ ស្ដេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។
5. ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា។ ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។
6. ព្រះបាទដាវីឌបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជំនះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
7. ព្រះបាទដាវីឌរឹបអូសយកខែលមាសពីពួកមេទ័ពរបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។
8. ព្រះបាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។ ក្រោយមក ព្រះបាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះវិហារ។