9. យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ
10. ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន ឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។
11. ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយរូបឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
12. គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
13. យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្ដេចដែលគ្រងរាជមុនអ្នកឡើយ។
14. យើងនឹងឲ្យគេគ្រប់គ្រងលើដំណាក់របស់យើង និងនគររបស់យើងរហូតតទៅ ហើយរាជសម្បត្តិរបស់គេក៏នឹងបានរឹងមាំរហូតតទៅដែរ»។
15. លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។
16. ព្រះបាទដាវីឌក៏យាងទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «បពិត្រព្រះជាអម្ចាស់ តើទូលបង្គំ និងគ្រួសាររបស់ទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
17. ឱព្រះជាម្ចាស់អើយចំពោះព្រះអង្គ នេះគឺជាការតិចតួចទេ បានជាព្រះអង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗដែរ។ បពិត្រព្រះជាអម្ចាស់ ព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងទូលបង្គំ ហាក់បីដូចទូលបង្គំជាមនុស្សម្នាក់ដ៏សំខាន់។
18. តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គ ចំពោះកិត្តិយស ដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ?