18. តើទូលបង្គំមានអ្វីទូលថ្វាយព្រះអង្គ ចំពោះកិត្តិយស ដែលព្រះអង្គប្រទានមកទូលបង្គំ បើព្រះអង្គជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងច្បាស់ហើយនោះ?
19. ព្រះអម្ចាស់អើយ ព្រះអង្គសម្តែងស្នាព្រះហស្ដដ៏ឧត្តុង្គឧត្ដមទាំងនេះឲ្យទូលបង្គំឃើញ ស្របតាមព្រះហឫទ័យសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ។
20. ព្រះអម្ចាស់អើយ គ្មាននរណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានទេ។ តាមដែលយើងខ្ញុំធ្លាប់ឮគេតំណាលប្រាប់ ក្រៅពីព្រះអង្គ ក៏គ្មានព្រះឯណាទៀតដែរ។
21. នៅលើផែនដីនេះ គ្មានប្រជារាស្ត្រណាមួយដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះរបស់ពួកគេបានទៅរំដោះពួកគេ យកមកធ្វើជាប្រជារាស្ត្ររបស់ខ្លួនឡើយ។ ព្រះអង្គធ្វើឲ្យកិត្តិនាមរបស់ព្រះអង្គល្បីល្បាញ ដោយសម្តែងការអស្ចារ្យដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គបណ្ដេញប្រជាជាតិទាំងឡាយចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះមកពីស្រុកអេស៊ីប។
22. ព្រះអម្ចាស់អើយ! ព្រះអង្គបានជ្រើសរើសជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅ ហើយព្រះអង្គក៏បានទៅជាព្រះរបស់ពួកគេ។
23. ឱព្រះអម្ចាស់អើយ ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានសន្យាចំពោះទូលបង្គំ និងកូនចៅទូលបង្គំ រហូតតទៅ សូមឲ្យព្រះបន្ទូលនេះសម្រេចជារូបរាងឡើង!
24. សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមរបស់ព្រះអង្គបានឧត្តុង្គឧត្ដមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់ពិតជាព្រះរបស់ជនជាតិអ៊ីស្រាអែលមែន!”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ បានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្រព្រះអង្គផង។
25. ឱព្រះនៃទូលបង្គំអើយ ព្រះអង្គប្រោសឲ្យទូលបង្គំដឹងថា ព្រះអង្គសព្វព្រះហឫទ័យតែងតាំងពូជពង្សរបស់ទូលបង្គំឲ្យឡើងស្នងរាជ្យទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លាហាន ទូលពាក្យអធិស្ឋាននេះថ្វាយព្រះអង្គ។
26. បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាប្រទានសុភមង្គលនេះមកទូលបង្គំ។