1. នៅពេលដែលព្រះបាទដាវីឌមានរាជវាំងគង់នៅស្រួលបួលហើយ ស្ដេចមានរាជឱង្ការទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ពីឈើតាត្រៅ រីឯហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាធ្វើអំពីក្រណាត់សំពត់!»។
2. លោកណាថានទូលព្រះបាទដាវីឌថា៖ «ការអ្វីដែលព្រះករុណាសព្វព្រះហឫទ័យធ្វើ សូមព្រះករុណាធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះករុណាហើយ»។
3. ប៉ុន្តែ នៅយប់នោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានដូចតទៅ៖
4. «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ មិនមែនអ្នកទេដែលនឹងសង់ដំណាក់ឲ្យយើងនៅ។
5. តាំងពីថ្ងៃដែលយើងបាននាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ គឺយើងនៅតែក្នុងជំរំ និងព្រះពន្លា ពីកន្លែងមួយទៅកន្លែងមួយ។
6. គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រាអែល យើងបានតែងតាំងឲ្យមានពួកចៅហ្វាយគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង តែយើងមិនបានបង្គាប់ពួកចៅហ្វាយណាម្នាក់ ឲ្យសង់ដំណាក់ពីឈើតាត្រៅសម្រាប់យើងទេ!
7. ឥឡូវនេះ ចូរប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។
8. យើងស្ថិតនៅជាមួយអ្នកគ្រប់ទីកន្លែង ដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក ហើយយើងក៏នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកល្បីល្បាញ ដូចវរជនទាំងឡាយនៅលើផែនដីដែរ។
9. យើងបានប្រគល់ស្រុកមួយឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងឲ្យគេតាំងទីលំនៅជាប់លាប់រហូត ឥតមាននរណាមកយាយីពួកគេទៀតឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាមកឈ្លានពានលើពួកគេ
10. ដូចកាលពីមុន នៅគ្រាដែលយើងតែងតាំងពួកចៅហ្វាយឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង។ យើងបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន ឲ្យស្ថិតនៅក្រោមអំណាចរបស់អ្នក។ យើងប្រកាសឲ្យអ្នកដឹងថា យើងនឹងប្រទានឲ្យអ្នកមានសន្តតិវង្សមួយផង។
11. ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយរូបឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
12. គឺបុត្រនោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
13. យើងនឹងធ្វើជាឪពុករបស់គេ ហើយគេធ្វើជាកូនរបស់យើង។ យើងមិនដកសេចក្ដីមេត្តាករុណាចេញពីគេ ដូចយើងបានដកចេញពីស្ដេចដែលគ្រងរាជមុនអ្នកឡើយ។