19. នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូចដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
20. អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយពីនគរមួយទៅនគរមួយទៀត។
21. ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេដើម្បីការពារអ្នករាល់គ្នាព្រះអង្គបានបន្ទោសស្ដេចនានាថា:
22. «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេងអភិសេកនេះឡើយកុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
23. មនុស្សនៅលើផែនដីទាំងមូលអើយចូរច្រៀងថ្វាយព្រះអម្ចាស់!ចូរប្រកាសជារៀងរាល់ថ្ងៃអំពីការសង្គ្រោះរបស់ព្រះអង្គ។
24. ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងចំណោមប្រជាជាតិនានាហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!
25. ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្តព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
26. ព្រះទាំងប៉ុន្មានរបស់សាសន៍នានាសុទ្ធតែឥតបានការអ្វីទាំងអស់រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
27. មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយឫទ្ធិបារមី និងអំណរសប្បាយ។
28. ប្រជាជាតិទាំងឡាយអើយចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ
29. ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់!ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
30. មនុស្សនៅលើផែនដីទាំងមូលអើយចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ!ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ
31. ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយនិងឲ្យផែនដីបានរីករាយដ៏លើសលប់!ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ!
32. ចូរឲ្យសមុទ្រ និងអ្វីៗនៅក្នុងសមុទ្របន្លឺសំឡេងយ៉ាងអឺងកង!ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះត្រេកអរសប្បាយ!
33. ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មានស្រែកហ៊ោនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់!ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី។
34. ចូរលើកតម្កើងព្រះអម្ចាស់ដ្បិតព្រះអង្គសប្បុរសព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!