16. គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយលោកអ៊ីសាក។
17. ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
18. គឺព្រះអង្គមានព្រះបន្ទូលថា:«យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមត៌ក»។
19. នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូចដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។
20. អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយពីនគរមួយទៅនគរមួយទៀត។
21. ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេដើម្បីការពារអ្នករាល់គ្នាព្រះអង្គបានបន្ទោសស្ដេចនានាថា:
22. «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេងអភិសេកនេះឡើយកុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
23. មនុស្សនៅលើផែនដីទាំងមូលអើយចូរច្រៀងថ្វាយព្រះអម្ចាស់!ចូរប្រកាសជារៀងរាល់ថ្ងៃអំពីការសង្គ្រោះរបស់ព្រះអង្គ។
24. ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងចំណោមប្រជាជាតិនានាហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់!