2. ពេលនោះ ស្ដេចមានរាជឱង្ការថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់ព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់បានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ព្រះអង្គ និងមើលថែទាំ រហូតតទៅ»។
3. ព្រះបាទដាវីឌបានប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះអម្ចាស់ មកតម្កល់នៅកន្លែងដែលស្ដេចបានរៀបចំទុក។
4. ព្រះបាទដាវីឌក៏បានប្រមូលកូនចៅលោកអើរ៉ុន ព្រមទាំងក្រុមលេវី
5. គឺក្នុងចំណោមកូនចៅលោកកេហាត់ មានលោកអ៊ូរាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១២០ នាក់
6. ក្នុងចំណោមកូនចៅលោកម៉្រារី មានលោកអសាយ៉ា ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២២០ នាក់
7. ក្នុងចំណោមកូនចៅលោកគើសុន មានលោកយ៉ូអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១៣០ នាក់
8. ក្នុងចំណោមកូនចៅលោកអេលីសាផាន មានលោកសេម៉ាយ៉ាជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២០០ នាក់
9. ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០ នាក់
10. ក្នុងចំណោមកូនចៅលោកអ៊ូស៊ាល មានលោកអមីណាដាប់ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។
11. ព្រះបាទដាវីឌកោះហៅលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។
12. ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះ ចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។
13. កាលពីលើកមុន អស់លោកមិនបានចូលរួមទេ ព្រះអម្ចាស់ជាព្រះរបស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ព្រះអង្គឡើយ»។
14. ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាញែកខ្លួនជាវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។