16. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសម្តែងនូវអំណរសប្បាយ។
17. ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអេសាភជាកូនរបស់លោកបេរេគា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកម៉្រារី ជាបងប្អូនរបស់ពួកគេ មានលោកអេថានជាកូនរបស់លោកគូសាយ៉ា។
18. បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។
19. ក្រុមចម្រៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។
20. រីឯលោកសាការី លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។
21. លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដអេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។
22. លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។
23. លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។
24. លោកបូជាចារ្យសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដអេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។
25. បន្ទាប់មក ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល និងពួកមេទ័ព នាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបេដអេដុមយ៉ាងសប្បាយរីករាយ។
26. ព្រះជាម្ចាស់ជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។
27. ព្រះបាទដាវីឌពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចម្រៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ព្រះបាទដាវីឌពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។
28. ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដោយសម្រែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
29. កាលហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ហែចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីរបស់ស្ដេចសូល បានអើតតាមបង្អួច ឃើញព្រះបាទដាវីឌលោតកព្ឆោង ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។