13. កាលពីលើកមុន អស់លោកមិនបានចូលរួមទេ ព្រះអម្ចាស់ជាព្រះរបស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ព្រះអង្គឡើយ»។
14. ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាញែកខ្លួនជាវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។
15. កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់លើស្មា ដូចលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
16. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសម្តែងនូវអំណរសប្បាយ។
17. ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអេសាភជាកូនរបស់លោកបេរេគា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកម៉្រារី ជាបងប្អូនរបស់ពួកគេ មានលោកអេថានជាកូនរបស់លោកគូសាយ៉ា។
18. បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។
19. ក្រុមចម្រៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។
20. រីឯលោកសាការី លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។
21. លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដអេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។