3. នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌបានយកមហេសីផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។
4. បុត្ររបស់ស្ដេច ដែលប្រសូតនៅក្រុងយេរូសាឡឹម មាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន
5. យីបហារ អេលីសួ អែលផាលេត
6. ណូកា នេផេក យ៉ាភា
7. អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។
8. កាលជនជាតិភីលីស្ទីនឮថា ព្រះបាទដាវីឌបានទទួលពិធីចាក់ប្រេងអភិសេកជាស្ដេចលើស្រុកអ៊ីស្រាអែល ពួកគេលើកគ្នាមកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្ដេចក៏ចេញទៅតទល់នឹងពួកគេ។
9. ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។
10. ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំឬទេ?»។ ព្រះអម្ចា ស់មានព្រះបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក»។
11. ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
12. កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។
13. ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។
14. ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។
15. កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។
16. ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ស្ដេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។
17. កិត្តិនាមរបស់ព្រះបាទដាវីឌ ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយព្រះអម្ចាស់បានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចព្រះបាទដាវីឌ។