១ របាក្សត្រ 14:2-13 Khmer Standard Version (KHSV)

2. ព្រះ‌បាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌អម្ចាស់​តែង‌តាំង​ទ្រង់​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ហើយ​រាជ​សម្បត្តិ​របស់​ទ្រង់​ចម្រុង‌ចម្រើន​កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

3. នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

4. បុត្រ​របស់​ស្ដេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ: សាំមួរ សូបាប់ ណាថាន សាឡូម៉ូន

5. យីបហារ អេលី‌សួ អែល‌ផាលេត

6. ណូកា នេផេក យ៉ាភា

7. អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។

8. កាល​ជន‌ជាតិ​ភីលីស្ទីន​ឮ​ថា ព្រះ‌បាទ​ដាវីឌ​បាន​ទទួល​ពិធី​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ស្ដេច​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។

9. ជន‌ជាតិ​ភីលីស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។

10. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌អម្ចា ស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។

11. ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ដល់​បាល‌ពេរ៉ា‌ស៊ីម ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាល‌ពេរ៉ា‌ស៊ីម”។

12. កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។

13. ជន‌ជាតិ​ភីលីស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។

១ របាក្សត្រ 14