11. ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយព្រះបាទដាវីឌក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។
12. កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយព្រះបាទដាវីឌចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។
13. ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។
14. ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។
15. កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតព្រះជាម្ចាស់នាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។
16. ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ស្ដេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។