1. ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ព្រមទាំងមេដឹកនាំទាំងអស់។
2. ស្ដេចមានរាជឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះអម្ចាស់ ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។
3. បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។
4. អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។
5. ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
6. ព្រះរាជាយាងទៅក្រុងបាឡា គឺគារយ៉ាត់-យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកចេរូប៊ីន* ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។