3. លោកមេទ័ពអហ៊ីយេស៊ើរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត
4. លោកយីសម៉ាយ៉ា អ្នកស្រុកគីបៀន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប និងជាមេគេ លោកយេរេមី លោកយ៉ាហាសៀល លោកយ៉ូហាណាន លោកយ៉ូសាបាដជាអ្នកក្រុងកេដេរ៉ា
5. លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធាជាអ្នកក្រុងហារ៉ូប
6. លោកអែលកាណា លោកយីសយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ និងលោកយ៉ាសុបៀម ជាពូជពង្សរបស់លោកកូរេ
7. លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8. មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។
9. អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេ លោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី
10. លោកមីសម៉ាណាជាមេទីបួន លោកយេរេមីជាមេទីប្រាំ
11. លោកអថាយជាមេទីប្រាំមួយ លោកអេលាលជាមេទីប្រាំពីរ
12. លោកយ៉ូហាណានជាមេទីប្រាំបី លោកអែលសាបាដជាមេទីប្រាំបួន
13. លោកយេរេមីជាមេទីដប់ និងលោកម៉ាបាណាយជាមេទីដប់មួយ។
14. ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។
15. ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើងលិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។
16. ក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា ក៏មានអ្នកខ្លះទៅតាមព្រះបាទដាវីឌ រហូតដល់ជម្រកនោះដែរ។
17. ព្រះបាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្ដី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។
18. ពេលនោះ ព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖«បពិត្រ ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយ!យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយព្រះករុណាហើយ។សូមឲ្យសេចក្ដីសុខសាន្តកើតមានដល់ព្រះករុណានិងអស់អ្នកដែលនៅជាមួយព្រះករុណា!ដ្បិតព្រះរបស់ព្រះករុណាបានជួយព្រះករុណាហើយ!»។ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ស្ដេច។
19. ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលស្ដេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងព្រះបាទសូល។ ប៉ុន្តែ ទ័ពរបស់ព្រះបាទដាវីឌពុំបានចូលរួមច្បាំងទេ ព្រោះពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានពិគ្រោះគ្នា បញ្ជូនទ័ពរបស់ព្រះបាទដាវីឌឲ្យវិលត្រឡប់ទៅវិញ ពួកគេគិតថា៖ «បើដាវីឌចូលដៃជាមួយស្ដេចសូល ជាម្ចាស់របស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។