១ របាក្សត្រ 12:21-39 Khmer Standard Version (KHSV)

21. ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ច្បាំង​ព្រះ‌បាទ​ដាវីឌ ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​របស់​ព្រះ‌បាទ​ដាវីឌ។

22. រៀង​រាល់​ថ្ងៃ​តែងតែ​មាន​មនុស្ស​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ដើម្បី​ជួយ​ជា​កម្លាំង ហេតុ​នេះ កង‌ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ក្លាយ​ទៅ​ជា​កង‌ទ័ព​មួយ​ដ៏​ធំ ដូច​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែរ។

23. អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:

24. ក្នុង​កុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​កាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន មាន ៦ ៨០០ នាក់។

25. ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន ៧ ១០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។

26. ក្នុង​កុល‌សម្ព័ន្ធ​លេវី​មាន​ទាហាន ៤ ៦០០ នាក់

27. ព្រម​ទាំង​លោក​យេហូ‌យ៉ាដា ជា​មេ​ដឹក​នាំ​នៃ​អំបូរ​របស់​លោក​អើរ៉ុន និង​ទាហាន ៣ ៧០០ នាក់ ដែល​នៅ​ជា​មួយ​លោក។

28. បន្ទាប់​មក មាន​លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។

29. ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល មាន​ទាហាន ៣ ០០០ នាក់។ មក​ទល់​ពេល​នោះ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល។

30. ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។

31. ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨ ០០០ នាក់ ជា​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ប្រកាស​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ។

32. ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ និង​ពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។

33. ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មាន ៥០ ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។

34. ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី មាន​នាយ​ទាហាន ១០០០ នាក់ និង​ពល​ទាហាន ៣៧ ០០០ នាក់ ប្រដាប់​ដោយ​ខែល និង​លំពែង។

35. ក្នុង​កុល‌សម្ព័ន្ធ​ដាន់ មាន​ទាហាន ២៨ ៦០០ នាក់ ត្រៀម​ចេញ​ទៅ​ច្បាំង។

36. ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មាន​ទាហាន ៤០ ០០០ នាក់ ដែល​ថ្នឹក​ក្នុង​ចំបាំង ហើយ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម។

37. នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។

38. អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា‌ក្សត្រ​ដែរ។

39. ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បង‌ប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់‌លៀង​ទទួល។

១ របាក្សត្រ 12