20. នាយទាហានពីកុលសម្ព័ន្ធម៉ាណាសេ ដែលបានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលវិលត្រឡប់ទៅស៊ីគឡាក់វិញ មានលោកអ័ឌណា លោកយ៉ូសាបាដ លោកយេឌីអែល លោកមីកែល លោកយ៉ូសាបាដ លោកអេលីហ៊ូវ និងលោកស៊ីលតាយ។ អ្នកទាំងនោះសុទ្ធតែជាមេលើកងពលធំ ក្នុងកុលសម្ព័ន្ធម៉ាណាសេ។
21. ពួកគេដឹកនាំកងពលជួយច្បាំងព្រះបាទដាវីឌ ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកងពលរបស់ព្រះបាទដាវីឌ។
22. រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងព្រះបាទដាវីឌ ដើម្បីជួយជាកម្លាំង ហេតុនេះ កងទ័ពរបស់ព្រះបាទដាវីឌក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់ព្រះជាម្ចាស់ដែរ។
23. អស់អ្នកដែលបានមករួបរួមជាមួយព្រះបាទដាវីឌ នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះបាទសូលថ្វាយព្រះបាទដាវីឌ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ គឺអ្នកដែលអាចបម្រើកងទ័ពបាន មានចំនួនដូចតទៅ:
24. ក្នុងកុលសម្ព័ន្ធយូដា ទាហានដែលកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបាន មាន ៦ ៨០០ នាក់។
25. ក្នុងកុលសម្ព័ន្ធស៊ីម្មាន មាន ៧ ១០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។
26. ក្នុងកុលសម្ព័ន្ធលេវីមានទាហាន ៤ ៦០០ នាក់
27. ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់លោកអើរ៉ុន និងទាហាន ៣ ៧០០ នាក់ ដែលនៅជាមួយលោក។
28. បន្ទាប់មក មានលោកសាដុក ជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់លោក។
29. ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាសាច់ញាតិរបស់ព្រះបាទសូល មានទាហាន ៣ ០០០ នាក់។ មកទល់ពេលនោះ ពួកគេមួយចំនួនធំនៅស្មោះត្រង់នឹងរាជវង្សរបស់ព្រះបាទសូល។
30. ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម មាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។