15. ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើងលិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។
16. ក្នុងចំណោមកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា ក៏មានអ្នកខ្លះទៅតាមព្រះបាទដាវីឌ រហូតដល់ជម្រកនោះដែរ។
17. ព្រះបាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្ដី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។
18. ពេលនោះ ព្រះវិញ្ញាណក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់ លោកពោលថា៖«បពិត្រ ព្រះបាទដាវីឌជាបុត្ររបស់លោកអ៊ីសាយ!យើងខ្ញុំទាំងអស់គ្នាស៊ូប្ដូរផ្ដាច់នៅជាមួយព្រះករុណាហើយ។សូមឲ្យសេចក្ដីសុខសាន្តកើតមានដល់ព្រះករុណានិងអស់អ្នកដែលនៅជាមួយព្រះករុណា!ដ្បិតព្រះរបស់ព្រះករុណាបានជួយព្រះករុណាហើយ!»។ព្រះបាទដាវីឌក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់ស្ដេច។
19. ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលស្ដេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងព្រះបាទសូល។ ប៉ុន្តែ ទ័ពរបស់ព្រះបាទដាវីឌពុំបានចូលរួមច្បាំងទេ ព្រោះពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានពិគ្រោះគ្នា បញ្ជូនទ័ពរបស់ព្រះបាទដាវីឌឲ្យវិលត្រឡប់ទៅវិញ ពួកគេគិតថា៖ «បើដាវីឌចូលដៃជាមួយស្ដេចសូល ជាម្ចាស់របស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។
20. នាយទាហានពីកុលសម្ព័ន្ធម៉ាណាសេ ដែលបានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលវិលត្រឡប់ទៅស៊ីគឡាក់វិញ មានលោកអ័ឌណា លោកយ៉ូសាបាដ លោកយេឌីអែល លោកមីកែល លោកយ៉ូសាបាដ លោកអេលីហ៊ូវ និងលោកស៊ីលតាយ។ អ្នកទាំងនោះសុទ្ធតែជាមេលើកងពលធំ ក្នុងកុលសម្ព័ន្ធម៉ាណាសេ។
21. ពួកគេដឹកនាំកងពលជួយច្បាំងព្រះបាទដាវីឌ ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកងពលរបស់ព្រះបាទដាវីឌ។
22. រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងព្រះបាទដាវីឌ ដើម្បីជួយជាកម្លាំង ហេតុនេះ កងទ័ពរបស់ព្រះបាទដាវីឌក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់ព្រះជាម្ចាស់ដែរ។
23. អស់អ្នកដែលបានមករួបរួមជាមួយព្រះបាទដាវីឌ នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ព្រះបាទសូលថ្វាយព្រះបាទដាវីឌ ស្របតាមបញ្ជារបស់ព្រះអម្ចាស់ គឺអ្នកដែលអាចបម្រើកងទ័ពបាន មានចំនួនដូចតទៅ:
24. ក្នុងកុលសម្ព័ន្ធយូដា ទាហានដែលកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបាន មាន ៦ ៨០០ នាក់។
25. ក្នុងកុលសម្ព័ន្ធស៊ីម្មាន មាន ៧ ១០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។
26. ក្នុងកុលសម្ព័ន្ធលេវីមានទាហាន ៤ ៦០០ នាក់
27. ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់លោកអើរ៉ុន និងទាហាន ៣ ៧០០ នាក់ ដែលនៅជាមួយលោក។