1. នៅគ្រាដែលព្រះបាទដាវីឌភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីព្រះបាទសូល ជាបុត្ររបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយព្រះបាទដាវីឌជានិច្ច។
2. ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្ដាំក៏បាន។ អ្នកទាំងនោះសុទ្ធតែជាសាច់ញាតិរបស់ព្រះបាទសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលមានរាយនាមដូចតទៅ:
3. លោកមេទ័ពអហ៊ីយេស៊ើរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត
4. លោកយីសម៉ាយ៉ា អ្នកស្រុកគីបៀន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប និងជាមេគេ លោកយេរេមី លោកយ៉ាហាសៀល លោកយ៉ូហាណាន លោកយ៉ូសាបាដជាអ្នកក្រុងកេដេរ៉ា
5. លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធាជាអ្នកក្រុងហារ៉ូប
6. លោកអែលកាណា លោកយីសយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ និងលោកយ៉ាសុបៀម ជាពូជពង្សរបស់លោកកូរេ
7. លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8. មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌ ក្នុងជម្រកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។
9. អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេ លោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី
10. លោកមីសម៉ាណាជាមេទីបួន លោកយេរេមីជាមេទីប្រាំ