10. នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។
11. ពួកទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ មានរាយនាមតាមចំនួនរបស់ពួកគេដូចតទៅ:លោកយ៉ាសុបៀមជាកូនរបស់លោកហាក់មុនី លោកជាប្រមុខលើមេបញ្ជាការសាមសិបនាក់។ គឺលោកហើយដែលបានប្រើលំពែង សម្លាប់ខ្មាំងអស់បីរយនាក់ ក្នុងពេលតែមួយ។
12. បន្ទាប់មក មានលោកអេឡាសារ ជាកូនរបស់លោកដូដូរ ជាពូជពង្សរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី។
13. លោកបាននៅជាប់ជាមួយព្រះបាទដាវីឌ នៅផាស់ដាំមីម ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង។ នៅទីនោះ មានដីស្រែមួយកន្លែង ពេញដោយស្រូវ ហើយកងទ័ពអ៊ីស្រាអែលបានបាក់ទ័ពរត់នៅមុខជនជាតិភីលីស្ទីន។
14. ពេលនោះ លោកអេឡាសារ និងទាហានរបស់លោក ឈរនៅកណ្ដាលចម្ការនោះ ហើយវាយប្រហារជនជាតិភីលីស្ទីន ដណ្ដើមយកបានចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជំនះដ៏ធំធេង។
15. ថ្ងៃមួយ នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ បាននាំគ្នាចូលគាល់ព្រះបាទដាវីឌ ក្នុងល្អាងភ្នំអាឌូឡាម នៅពេលដែលទាហានភីលីស្ទីនបោះទ័ពនៅជ្រលងភ្នំរេផែម។
16. ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
17. ព្រះបាទដាវីឌស្រេកទឹក ស្ដេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកឲ្យយើងបាន?»។
18. នាយទាហានទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ ប៉ុន្តែ ព្រះបាទដាវីឌមិនព្រមសោយទេ ស្ដេចយកទឹកនោះទៅច្រួចលើដីថ្វាយព្រះអម្ចាស់។
19. ស្ដេចមានរាជឱង្ការថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំគ្មានសិទ្ធិទទួលទានទឹកនេះទេ ព្រោះទឹកនេះដូចជាឈាមរបស់ទាហាន ដែលបានប្រថុយជីវិតទៅដងយកមកដែរ!»។ ដូច្នេះ ស្ដេចបដិសេធមិនព្រមសោយទឹកនោះទេ ព្រោះពួកទាហានបានប្រថុយជីវិតទៅដងយកមក។ នេះហើយជាស្នាដៃដែលទាហានដ៏ខ្លាំងពូកែទាំងបីរូបបានប្រព្រឹត្ត។
20. លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។
21. លោកទទួលកិត្តិយសច្រើនជាងគេ ក្នុងចំណោមមេទ័ពទាំងបី។ លោកមាននាទីជាប្រមុខលើក្រុមមេទ័ពទាំងបី ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
22. លោកបេណាយ៉ា ជាអ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃថ្មីយ៉ាងច្រើន។ គឺលោកហើយដែលបានវាយពួកអរាលពីរនាក់នៅស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃដែលមានទឹកកកធ្លាក់។
23. លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានកំពស់ប្រាំហត្ថ និងប្រដាប់ដោយលំពែងមួយយ៉ាងធំ ដូចជាឈើកីតម្បាញ។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងមួយប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនេះបាន ហើយចាក់សម្លាប់នឹងលំពែងនោះទៅ។
24. នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី ក្នុងក្រុមមេទ័ពទាំងបីរូប។
25. ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ ប៉ុន្តែ លោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
26. វីរបុរសដ៏អង់អាចឯទៀតៗមាន: លោកអេសាអែលជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូរ អ្នកភូមិបេថ្លេហិម
27. លោកសាំម៉ូតអ្នកស្រុកហារ៉ូ លោកហេលេស អ្នកស្រុកពេឡូន