1. ប្រជាជនអ៊ីស្រាអែលទាំងមូលប្រមូលគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ទូលថា៖ «យើងខ្ញុំទាំងអស់គ្នាជាសាច់សាលោហិតរបស់ព្រះករុណាដែរ។
2. កាលពីមុន នៅពេលដែលព្រះបាទសូលគ្រងរាជ្យលើយើងខ្ញុំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
3. ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ នៅក្រុងហេប្រូន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចហើយពួកគេបានចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្ដេចរបស់ប្រជារាស្ត្រអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុកតាមរយៈព្យាការីសាំយូអែល។
4. ព្រះបាទដាវីឌ និងកងទ័ពអ៊ីស្រាអែលទាំងមូល នាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម គឺក្រុងយេប៊ូស។ ពីមុន ជនជាតិយេប៊ូសជាម្ចាស់ស្រុករស់នៅក្រុងនោះ។
5. អ្នកក្រុងយេប៊ូសពោលមកកាន់ព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងក្រុងរបស់យើងមិនបានទេ»។ ប៉ុន្តែ ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។
6. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់វាយឈ្នះពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាមេទ័ព និងមេដឹកនាំ»។ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ចេញទៅវាយមុនគេ ហើយបានទទួលតំណែងជាមេទ័ព។
7. ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយនោះ ហេតុនេះ គេក៏ហៅថា «បុរីព្រះបាទដាវីឌ»។
8. បន្ទាប់មក ស្ដេចពង្រីកទីក្រុង ចាប់តាំងពីមីឡូរហូតដល់ជាយក្រុង។ លោកយ៉ូអាប់បានជួសជុលកន្លែងផ្សេងទៀត នៅក្នុងទីក្រុង។
9. ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅជាមួយ។
10. នេះជាបញ្ជីរាយនាមនាយទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ គឺអស់អ្នកដែលបានជួយជ្រោមជ្រែងឲ្យស្ដេចទទួលរាជសម្បត្តិលើស្រុកអ៊ីស្រាអែលទាំងមូល ហើយឲ្យស្ដេចបានសោយរាជ្យ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ស្ដីអំពីជនជាតិអ៊ីស្រាអែល។