1. កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។
2. ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។
3. បន្ទាប់មក គេសម្រុកទៅលើព្រះបាទសូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។
4. ស្ដេចមានរាជឱង្ការទៅសេនា ដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនលើមុខដាវនោះទៅ។
5. កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនលើមុខដាវដែរ។
6. ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។
7. កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រា សុគតអស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។
8. ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។
9. ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្ដេច ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។
10. បន្ទាប់មក ពួកគេយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្ដេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។