9. ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះបុត្រា។
10. សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកបូជាព្រះជន្ម លោះយើងឲ្យរួចពីបាបផង។
11. កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
12. ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។
13. យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។
14. រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។
15. អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។
16. រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។