1. កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះវិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះជាម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការី*ក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។
2. បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា ព្រះយេស៊ូគ្រិស្ដ*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន
3. តែអ្នកណាមិនទទួលស្គាល់ថាព្រះយេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រិស្ដវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះគ្រិស្ដកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។
4. កូនចៅអើយ អ្នករាល់គ្នាកើតមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាបានឈ្នះព្យាការី*ក្លែងក្លាយទាំងនោះ ដ្បិតព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ទ្រង់មានអំណាចធំជាងម្ចាស់លោកីយ៍នេះទៅទៀត។
5. អ្នកទាំងនោះកើតមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីរបស់គេចេញពីលោកីយ៍ ហើយមនុស្សលោកស្ដាប់គេ។
6. រីឯយើងវិញ យើងកើតមកពីព្រះជាម្ចាស់ អ្នកណាស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីព្រះជាម្ចាស់ទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា ព្រះវិញ្ញាណសម្តែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។
7. កូនចៅជាទីស្រឡាញ់អើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្ដីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។
8. រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។