5. អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។
6. អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ រីឯអ្នកប្រព្រឹត្តអំពើបាប មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។
7. កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្តអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចព្រះយេស៊ូទ្រង់សុចរិតដែរ។
8. អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ* ដ្បិតមារបានប្រព្រឹត្តអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។
9. អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។
10. ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
11. ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
12. យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។
13. បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។
14. យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
15. អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។