13. បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។
14. យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
15. អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។
16. យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។
17. ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!
18. កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។
19. ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ។
20. ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។
21. កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
22. អ្វីៗក៏ដោយឲ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។