8. យ៉ាងណាមិញ បទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ* និងក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។
9. អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។
10. អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។
11. រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។
12. ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។
13. ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ*កំណាចហើយ។
14. ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។
15. កុំស្រឡាញ់លោកីយ៍ និងអ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។
16. អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។