12. ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា ព្រះជាម្ចាស់បានលើកលែងទោសអ្នកឲ្យរួចពីបាប ដោយសារព្រះនាមរបស់ព្រះយេស៊ូ។
13. ចាស់ទុំទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំសរសេរមកអ្នករាល់គ្នាថា អ្នកបានឈ្នះមារ*កំណាចហើយ។
14. ក្មេងៗទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះបិតា។ ចាស់ទុំទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីមុនកំណើតអ្វីៗទាំងអស់។ យុវជនទាំងឡាយអើយ ខ្ញុំបានសរសេរមកអ្នករាល់គ្នាថា អ្នកមានកម្លាំងពលំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមារកំណាច។
15. កុំស្រឡាញ់លោកីយ៍ និងអ្វីៗនៅក្នុងលោកីយ៍នេះឡើយ។ អ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។
16. អ្វីៗនៅក្នុងលោកីយ៍នេះ ដូចជាចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ និងអំនួត ព្រោះមានទ្រព្យសម្បត្តិ មិនមែនមកពីព្រះបិតាទេ គឺមកពីគំនិតលោកីយ៍វិញ។
17. លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។